សារពិសេស! សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ជូនកម្លាំងចាត់វិធានការជាបន្ទាន់ ដើម្បីបង្ក្រាបការកាប់ព្រៃឈើទន្ទ្រានយកដីយ៉ាងអាណាធិបតេយ្យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៥ ខែមិថុនានេះ ចេញសារសសំឡេងពិសេសថ្លែងទាក់ទងដល់ការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដីពីសំណាក់ជនខិលខូច ដោយសម្តេចបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ជូនកម្លាំងចាត់វិធានការជាបន្ទាន់ ដើម្បីបង្ក្រាបការកាប់ព្រៃឈើទន្ទ្រានយកដីយ៉ាងអាណាធិបតេយ្យ។

ក្នុងសារសំឡេងសម្តេចតេជោ បានបញ្ជាក់ថា កន្លងទៅនិងថ្មីៗនេះ សម្តេចទទួលបានព័ត៌មានជាបន្តបន្ទាប់ពីករណីក្រុមជនខិលខូចចាប់ផ្តើមធ្វើសកម្មភាពកាប់ទន្រ្ទាដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ។ សម្តេចកត់សម្គាល់ថា ករណីនេះកើតឡើងនៅរៀងរាល់ជិតដល់ការបោះឆ្នោត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាជ្ញា​ធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីកម្ចាច់ចោលក្រុមខិលខូច ។ សម្តេច​សង្កត់ធ្ងន់ថា នឹងមិនអត់ឱនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានអំណាចបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ ហើយសម្តេចឲ្យដកខ្លួនចេញជាបន្ទាន់៕

អត្ថបទ៖ អក្ខរា