កម្ពុជា និងអូស្រ្តាលី សហការទប់ស្កាត់ករណីបោកប្រាស់ពលករពីកម្ពុជាឲ្យទៅធ្វើការនៅអូស្ត្រាលី

កម្ពុជា និងអូស្ត្រាលី បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។ កិច្ចសហការនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

គួររំលឹកថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន ដែលរហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលីមិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកនិងអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាសូមកុំចាញ់បោកពួកមេខ្យល់ទាំងនោះ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានដល់ក្រសួងបើសិនមានភ្នាក់ងារជ្រើសរើសណាមួយធ្វើការជ្រើសរើស និងបញ្ជូនពលករធ្វើការនៅប្រទេសអូស្ត្រាលី៕

អត្ថបទ៖ អក្ខរា