មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ នេះបើតាមឯកឧត្តម ហាប់ ទូច រដ្ឋលខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ នៅរោងភាពយន្ត លេជេន អូឡាំព្យា បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
មហោស្រពភាពនេះ បានឧបត្ថម្ភគាំទ្រពីស្ថានទូតអូស្រ្តាលី ស្ថានទូតអង់គ្លេស ទីភ្នាក់ងាស្វីសដើម្បីអភិវឌ្ឍន៍ និងសហប្រតិបត្តិការប្រចាំនៅកម្ពុជា សប្បុរសជន និងដៃគូសហការទាំងអស់ ដើម្បីឱ្យមហោស្រពភាពយន្តអន្តរជាតិ នេះអាច ដំណើរការទៅបានប្រកបដោយជោគជ័យ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ធ្លាប់បានបញ្ជាក់ថា ការទាក់ទាញផលិតករភាពយន្តបរទេសមកថតខ្សែភាពយន្តនៅកម្ពុជា គឺជាផ្នែកមួយនៃគោលនយោបាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងពេលបច្ចុប្បន្ន។
សូមជម្រាបថា កម្ពុជាជាទឹកដីសម្បូរបែបមួយ ដែលកន្លងមកធ្លាប់មានភាពយន្តបរទេសមួយចំនួនចុះមកថតនៅទីតាំងផ្សេងៗ។ ដូចជារឿង City of Ghosts ថតនៅទីក្រុងភ្នំពេញនិងលើភ្នំបូកគោ, រឿង Same Same but Different ថតជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា, រឿង Wish You Were Here រឿង Holy Lola, រឿង Lara Croft: Tomb Raider សម្ដែងដោយតារាភាពយន្តល្បី Angelina Jolie និង Daniel Crai ថតនៅតំបន់អង្គរវត្តខេត្តសៀមរាប, ភាពយន្តរឿង ONODA 10 000 Nights in the Jungle ឬជាភាសាខ្មែរ អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ បានថតនៅតាមតំបន់មួយចំនួនក្នុងខេត្តកំពត កែប និងខេត្តព្រះសីហនុ រួមទាំងខ្សែភាពយន្តមួយចំនួនទៀត ត្បិតតែមិនសូវល្បីខ្លាំង តែជាមោទនភាពមួយដែលមានអ្នកផលិតភាពខាងបរទេសចាប់អារម្មណ៍ប្រទេសកម្ពុជា។
តាមរយៈទេសភាពដ៏សម្បូរបែបរបស់កម្ពុជាដែលមានបង្ហាញនៅក្នុងខ្សែភាពយន្តទាំងនោះ កម្ពុជាសង្ឃឹមថា នឹងមានផលិតកម្មក៏ដូចផលិតករបរទេសជាច្រើនទៀត ចាប់អារម្មណ៍មកថតខ្សែភាពយន្តនៅកម្ពុជា៕
អត្ថបទ៖ អក្ខរា