ឈប់សម្រាកបោះឆ្នោត ៣ថ្ងៃ! មន្ត្រីរាជការ និងកម្មករនិយោជិត នៅតែទទួលបានប្រាក់ខែដដែល

រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈ​៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយការឈប់សម្រាកនេះនឹងទទួលបានប្រាក់ឈ្នួលដដែល។​ នេះបើយោងតាមការចេញសេចក្ដីជូនដំណឹងរបស់ទីស្រ្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រ្តឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុននេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយ​បន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់​ដោយត្រូវអនុញ្ញាតឱ្យកម្មករ​និយោជិត​ទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣​ខែ កក្កដាខាងមុខ ដោយទទួលបានប្រាក់ខែដដែល។

សម្តេចតេជោបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។​សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ៕

អត្ថបទ៖ អក្ខរា