កូវីដចាប់កម្រើកឡើងវិញ! ក្រសួងក្រើនរំលឹកពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា

ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាល​ដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) ក្រើនរំលឹកសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អំពាវនាវដល់ពុក ម៉ែ បង ប្អូន ក្មួយៗ ប្រជាពលរដ្ឋ គ្រប់ក្រុមអាយុទាំងអស់ចាប់ពី៣ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញដូចបានរៀបរាប់ខាងលើសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) ដូសទី៣ ដូសទី៤ ដូសទី៥ ឬដូសទី៦ តាមក្រុមអាយុឲ្យឱ្យបានគ្រប់ៗគ្នា ជាមួយនឹងការបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ទៅតាមសភាពជាក់ស្ដែង និងការវាយតម្លៃត្រឹមត្រូវ ដើម្បីបង្កើនភាពស៊ាំបុគ្គល និងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ សារជាថ្មីនាពេលខាងមុខ នៅកម្ពុជា៕

អត្ថបទ៖ អក្ខរា