RECEF និង CEDEAO នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដែលមានសមាជិក ៣៤ប្រទេស និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (CEDEAO) ដែលមានសមាជិក ១៥ប្រទេស នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន មកចូលរួសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃការចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់ RECEF នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ សំខាន់ចំនួន ២ នោះគឺសិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា RECEF ដែល រៀបចំឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

គ.ជ.ប កម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រ ជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទដោយកុងសង់ស៊ីសនៃសមាជិកចូលរួមទាំងអស់ដែលរួមមានប្រទេស ជាសមាជិកចំនួន ២២ និងដៃគូ RECEF ចំនួន ៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (eces) និងអង្គការអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលជួយក្នុងការងារបោះឆ្នោត (IDEA)។

បើតាមឯកឧត្ដម ឌឹម សុវណ្ណារុំ គ.ជ.ប កម្ពុជា និង គ.ជ.ប នៃសមាជិក RECEF ដទៃទៀត នឹងមានឱកាសលើកកំពស់សមត្ថភាពរៀបចំការបោះឆ្នោត ស្របតាមការវិវត្តនៃសកលភាវូបនីយកម្ម ដោយនៅខែធ្នូ ឆ្នាំ២០២៣នេះ នឹងមានការបណ្តុះបណ្តាលស្ត្រីដែលចេះនិយាយភាសាបារាំងស្តីពី ភាពជាអ្នកដឹកនាំក្នុងកិច្ចការនយោបាយ នៅប្រទេស Cap Vert ដែលជាម្ចាស់ផ្ទះ ហើយប្រទេសជាសមាជិក RECEF ត្រូវបញ្ជូនតំណាង របស់ខ្លួនម្នាក់ដែលជាស្ត្រី៕

អត្ថបទ៖ អក្ខរា