រដ្ឋមន្ត្រីក្រសួងការងារ៖ នៅកម្ពុជា អត្រាមានការងារធ្វើខ្ពស់ ៩៩,៣% និងប្រាក់ចំណូលកាន់តែប្រសើរជាងមុន

ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។​ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបាឋកថាប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ផងដែរ។

ក្រៅពីនេះ ក្រសួងការងារនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រោមម្លប់សន្តិភាព វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមានការរីកចម្រើនគួរជាទីមោទនៈ ដោយប្រជាជនមានការងារធ្វើ កន្លែងការងារមានសុខដុមនីយកម្ម មានកំណើននៃការវិនិយោគ ដែលជាមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាបន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ អក្ខរា