ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារខិលិតគូសរំលេចនូវបញ្ហាប្រឈមសំខាន់ៗ ការខិតខំប្រឹងប្រែងដោះស្រាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំមួយចំនួន។
ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច ការរំលោភបំពាន និងឧក្រិដ្ឋកម្មផ្សេងៗទៀត ជាពិសេស តាមប្រព័ន្ធអនឡាញដែលបានកើតមានឡើង និងបានក្លាយជាបរិបទថ្មីមួយ ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្រ្តីនិងកុមារ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ហើយបញ្ហានេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោបន្តថា អ៊ីនធឺណិតនិងទំនើបកម្មនៃឧបករណ៍ឌីជីថល បានក្លាយជាមធ្យោបាយ ងាយស្រួលសម្រាប់ជនខិលខូចនៅទូទាំងពិភពលោកប្រើប្រាស់ ដើម្បីរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ។
កុមារនិងយុវជនបានក្លាយជាគោលដៅរបស់ជនខិលខូចក្នុងការអូសទាញឱ្យប្រព្រឹត្ត ឬទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។
ប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព របស់កុមារនៅលើប្រព័ន្ធអនឡាញនៅក្នុងក្របខ័ណ្ឌស្តីពីសិទ្ធិកុមារ។ សម្តេចបន្ថែមថា ផ្អែកលើគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាន និងកំពុងរៀបចំគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារនៅកម្ពុជាតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដោយក្នុងនោះសម្តេចណែនាំដល់ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយនិងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារនិងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើ
កុមារគ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថលនិងពង្រឹង
ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ អក្ខរា