កម្ពុជា ស្នើកូរ៉េជួយប្រែមុខមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ឲ្យកាន់តែមានសក្តានុពល

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ក្រោមគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានភាគីកូរ៉េលើកយកមកធ្វើបទបង្ហាញជូនភាគីកម្ពុជា។ នេះតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការបានបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងស្ដីពី ការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Yoo Han-Jun ទីប្រឹក្សាជាន់ខ្ពស់សមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) និងជាតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសក្នុងគម្រោងជាច្រើនរូបផងដែរ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងរបស់អ្នកជំនាញកូរ៉េទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ រួមមានការសិក្សាលើ៖ (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង (៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។

ក្រសួងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការកូរ៉េ ដែលបានចុះមកសិក្សាផ្ទាល់ពីសក្តានុពលនៃច្រកទ្វារព្រំដែនត្រពាំងស្រែ និងបានស្នើឡើងនូវផែនការអភិវឌ្ឍន៍នានាដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា៕