ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប កាលពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឆ្នេរសមុទ្រ Horta ប្រទេសព័រទុយហ្កាល់។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លឹប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លឹបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លឹបលើកទី១៧ នៅឆ្នេរសមុទ្រ Yeosu ប្រទេសកូរ៉េខាងត្បូង រួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះផងដែរ អង្គប្រជុំបានឯកភាពជាឯកច្ន័ន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន ៣រូប ដែលមានស្នាដៃឆ្នើម ជាសមាជិកកិត្តិយសរបស់ក្លឹប (Membre d’Honneur) ដែលរួមមាន៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកពីឆ្នេរសមុទ្រកម្ពុជា, លោក Abdoulaye SENE ទីប្រឹក្សាប្រធានាធិបតីសេនេហ្កាល់ មកពីឆ្នេរសមុទ្រ Sine Saloum ប្រទេសសេនេហ្កាល់ និងលោក Yves Borius អតីតនាយកហិរញ្ញវត្ថុអង្កការ OCDE មកពីឆ្នេរសមុទ្រ Morbihan ប្រទេសបារាំង
បច្ចុប្បន្ន ក្លឹបមានសមាជិកកិត្តិយសតែ២រូបប៉ុណ្ណោះ គឺលោកស្រី Michelle Pauly មកពីឆ្នេរសមុទ្រ Somme ប្រទេសបារាំង និងលោក Zorica Kravuk ជនជាតិក្រូអាស៊ី។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាឥស្សរជនជនជាតិអាស៊ីដំបូង និងតែម្នាក់គត់ ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប សម្រេចជ្រើសតាំងជាបេក្ខភាពសមាជិកកិត្តិយសរបស់ក្លឹប ដែលជាការទទួលស្គាល់ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME នៅកម្ពុជា ក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប លើកមកធ្វើការកត់សម្គាល់ និងសរសើរអំពីភាពមហស្ចារ្យនៃការរៀបចំ ពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់ លោក Bruno Bodard ក្នុងពិធីបើកព្រឹត្តិការណ៍ និងការទស្សនាកម្មវិធីប្រកួតមួយចំនួន ហើយដែលសារព័ត៌មានជុំវិញពិភពលោក សុទ្ធតែបានចុះផ្សាយ និងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១។ បន្ទាប់ពីពេលនោះមក កម្ពុជាបានដើរតួនាទីយ៉ាងសកម្មភាពក្នុងស្ថាប័នអន្តរជាតិមួយនេះ ដោយបានកាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២អាណត្តិជាប់គ្នា គឺ ២០១៣-២០១៥ និង ២០១៦-២០១៨ ជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ ២០១៩-២០២២ និងកំពុងកាន់តំណែងជាអគ្គលេខាធិការក្លឹបសម្រាប់អាណត្តិ ២០២៣-២០២៥ ដែលមានឯកឧត្តមបណ្ឌិត ជុក ជំនោរ ជាតំណាង៕