“កងកម្លាំងសន្តិភាពដើរតួនាទីសំខាន់ក្នុងការស្ដារ និងរក្សាសន្តិភាពនៅក្នុងសកលលោក។ យើងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាអតីតប្រទេសដែលបានឆ្លងកាត់សង្គ្រាម សម្រាប់ការចូលរួមចំណែកដ៏សំខាន់ទៅកាន់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាតិជាតិ”។ នេះជាលើកឡើងរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។
ស្ថានទូតបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភានេះ ឯកអគ្គរាជទូតអង់គ្លេស ឯកឧត្ដម Dominic Williams និងលោកវរសេនីយ៍ឯក Jamie Murray សេនានុព័ន្ធការពារ បានចូលរួមពិធីគោរពវិញ្ញាណក័្ខន្ធកងកម្លាំងរក្សាសន្តិភាព ដែលប្រារព្ធធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីជាការគោរពដល់វិញ្ញាណក័្ខន្ធកងកម្លាំងរក្សាសន្តិភាពដែលបានបូជាជីវិតសម្រាប់បុព្វហេតុដ៏មានតម្លៃនេះ។ ស្ថានទូតអង់គ្លេសបានគូបញ្ជាក់ថា “ការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជារៀងរហូត”។
ចំណែកស្ថានទូតបារាំងនៅកម្ពុជា ដែលបានចូលរួមពិធីនេះដែរនោះ បានលើកឡើងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងបេសកកម្មរក្សាសន្តិភាព ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាដាក់ពង្រាយកងមួយខៀវប្រមាណ១០០០នាក់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតសន្តិភាពពិភពលោក។ ក្រុមគ្រួសារ កងមួកខៀវកម្ពុជាដែលបានបាត់បង់ជីវិតក្នុងអំឡុងប្រតិបត្តិការររក្សាសន្តិភាព ដែលមានវត្តមានក្នុងអំឡុងពិធីខាងលើផងដែរនោះ ត្រូវបានទទួលស្វាគមន៍ដោយសម្តេចពិជ័យសេនា លោក Joseph SCHEUER អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង។
ស្ថានទូតបារាំងបានបញ្ជាក់ដែរថា ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់លេខ២៨ ក្នុងចំណោមប្រទេសដែលបញ្ជូនកងមួកខៀវទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារ ប្រទេសបារាំងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលកងមួកខៀវកម្ពុជាតាំងពីយូរមកហើយ៕
អត្ថបទ៖ អក្ខរា