ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

នៅព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះម​ហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាជាផ្លូវការហើយ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជា​អម្ចាស់ជីវិត​លើត្បូង នៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការ​របស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអប​អ​រសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធា​នា​​ធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជ​ពិធីសវ​នាការ​ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី និងព​ហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរ​ម​​រាជានុញ្ញាត ជូនលោក ច៉ាក​ឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កា​គោ​រព​វិញ្ញាណក្ខន្ធនៅមណ្ឌប Maha​tm​a Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី​ឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះ​ករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នៅប្រទេសឥណ្ឌា គឺជា​ព្រឹត្តិ​ការ​ណ៍ដ៏​មានសារសំខាន់មួយក្នុងទំនាក់ទំនង​ដ៏យូរអង្វែង​រវាង​ប្រទេសទាំងពីរ ព្រមទាំង​រួមចំណែក​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវចំណងមិត្តភាព​ដ៏​ប្រ​សើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫស​យ៉ាងជ្រៅនៅក្នុងបេតិក​ភណ្ឌ​វប្ប​ធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់​ប្រជា​ជនទាំងពីរ៕