ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន ៣ឡូត៍ ជូនដល់​អតិថិ​ជន ដែលមានពិការភាពម្នាក់នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណជូនអតិថិជន​នៅ​គម្រោង​អភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៦ ខែឧសភា ម្សិលមិញ។

អតិថិជនដែលសំណាងនោះទទួលដី ៣ឡូត៍នោះ មានឈ្មោះ សេន ស៊ីរ៉ែន អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅ ក្នុង ឃុំ​សំរោង​ក្នុងស្រុកសង្កែ ខេត្ត បាត់ដំបង។ លោក ស៊ីរ៉ែន បានទិញដី៣ឡូត៍ខាងលើ នៅទីតាំងគម្រោង អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបើកលក់ដំបូងក្នុងតម្លៃ ៨៨៥០ដុល្លារ ហើយលោកត្រូវបានក្រុមហ៊ុន អញ្ជើញ មកយកប្លង់ម្សិលមិញនេះ ដោយ​អ្នក​ឧកញ៉ា ឃើញមានការអាណិតស្រលាញ់ និងចង់មានអនុស្សាវរីយ៍ផងនោះ អ្នកឧកញ៉ាក៏បានជូនដីដែល លោកបានទិញ​នោះ ដោយឲ្យក្រុមការងារ ជូនប្រាក់ទៅ លោក សេន ស៊ីរ៉ែន វិញទាំងអស់។ ការវិកាយដ៏សប្បុរសរបស់អ្នកឧកញ៉ា បាន​ធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំង ពីអតិថិជនដែលបានចូលរួម។

ក្រោយទទួលកាតប្រកាសជូនដីចំនួន ៣ឡូត៍ពីអ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា ភ្លាមលោក សេន ស៊ីរ៉ែន បានបង្ហាញ ទឹកចិត្តរីករាយត្រេកអរខ្លាំងនៅពេលដែលលោកទទួលបានដី៣ឡូតិ៍នេះ។ លោក ស៊ីរ៉ែន បានសម្តែងនូវអារម្មណ៍​ពិតយ៉ាង​ដូច្នេះថា៖ លោកមិននឹកស្មានថាខ្លួនត្រូវបានអ្នកឧកញ៉ាមានក្តីមេត្តាស្រឡាញ់សណ្ដោះប្រណីដល់លោកហើយ​ជូនបែប​នេះ​ឡើយ។

ក្នុងឱកាសនោះ លោក ស៊ីរ៉ែន សូមជូនពរជ័យក្រុមហ៊ុនទាំងមូល ពិសេស អ្នកឧកញ៉ា ឡេង ណ៉ាវ៉ាត្រា មានសុខភាពល្អ​រកស៊ី​កាន់​តែមានបានថែមទៀត។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបង មានទាំងគម្រោងបុរីនិងគម្រោ​ង​ដីឡូតិ៍​ក្នុង​នោះ​​អ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍​ទៅ​ចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយ​យ៉ាង​សំ​ខាន់​ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ពិសេស នៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្តង។

គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុង​តម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋាន​រស់នៅ​ដោយ​សមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញ​ចំណេញច្រើនទៀតផង៕