រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និងការដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការលើកឡើងនេះ ដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្នុងកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំនេះធ្វើសហប្រធាន និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនិងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) និងលោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC – ម៉ាឡេស៊ី ដោយមានការចូលរួមពីលេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន ថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៩៥រូបនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម បានមានប្រសាសន៍ថា សុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិជាបន្តបន្ទាប់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានផ្តួចផ្តើមគំនិតស្តីពី “កិច្ចព្រមព្រៀងបៃតងអាស៊ាន” ក្នុងគោលបំណងណែនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ការអភិវឌ្ឍដែលបញ្ចេញកាបូនិចនិងប្រកបដោយចីរភាព។ ជាងនេះទៅទៀត ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន កម្ពុជាបានដឹកនាំរៀបចំ និងដាក់ជូននូវសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចសន្និសីទលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅអេហ្ស៊ីប។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅអនុវត្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង។
សូមជម្រាបថា កិច្ចប្រជុំបានពិភាក្សា និងពិនិត្យទៅលើរបៀបវារៈសំខាន់ៗលើផែនការសកម្មភាពរបស់ AWGCC រួមមាន៖ (១) វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់AWGCC និងទស្សនទានគម្រោងអាទិភាព ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងកិច្ចសហការក្រៅតំបន់ជាមួយដៃគូអភិវឌ្ឍន៍នានា (២) ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (៣) ផែនការនិងការវាយតម្លៃរយៈវែងសម្រាប់របាយការណ៍ NDC (៤) ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារ (៥) ការសម្របសម្រួលអន្តរវិស័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យា (៦)ការពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូពាក់ព័ន្ធ (៧)ការចូលរួមរបស់អាស៊ាននិងការរៀបចំដំណើរឆ្ពោះទៅកាន់សន្និសីទលើកទី២៨ (COP28)៕