ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភានេះ បានឲ្យដឹងពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា និងប៉ូឡូញ ដែលឯកឧត្តមបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ដ្រីការបរទេស នៃក្រសួងការ បរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើជាសហប្រធាន។
ក្នុងសេចក្តីប្រកាសលទ្ធផលបានឲ្យដឹងថា ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត ចែម វីឌៀ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ចំពោះជំនួយសប្បុរសធម៌សម្រាប់ ការអភិវឌ្ឍដល់កម្ពុជានាច្រើនឆ្នាំកន្លងមក ចាប់តាំងពីកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩ និងបានសង្ខេបជូនភាគីមិត្តអំពីទិដ្ឋភាពទូទៅនៃស្ថានភាពនយោបាយនៅកម្ពុជា ជា ពិសេសការបោះឆ្នោតសកលនាពេលឆាប់ៗខាងមុខ ការវិវឌ្ឍសេដ្ឋកិច្ច ភាពអំណោយផល និងទាក់ ទាញនៃការវិនិយោគនៅកម្ពុជា និងភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។
ឯកឧត្តម Wojciech Gerwel បានស្ងើចសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ របស់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធិផលដ៏អស្ចារ្យនៃការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ក៏ដូចជាការធ្វើម្ចាស់ ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានចែក រំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ឯកឧត្តមទាំងពីរ នឹងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជន។ ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ និងកង្វល់រួមមួយចំនួន។
ជាទីបញ្ចប់នៃកិច្ចពិគ្រោះយោបល់ ឯកឧត្តមទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា។ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញ លើកទី៣ នឹងត្រូវធ្វើឡើងនៅប្រទេសប៉ូឡូញ៕