ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយលោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈ កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្តវៀត​ណាម អាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

នៅក្នុងឱកាសជំនួបនោះ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែល​កម្ពុជាសម្រេចបានជាទីគាប់ចិត្ត នាពេលកន្លងមក រួមមាន ការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បាន​យ៉ា​ងល្អ ការបើកដំណើរការសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី​៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កិច្ចប្រជុំអន្តរសភាអាយប៉ា លើកទី៣២ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានល្អការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍​​លើកទី៣២ ប្រកបដោយភាព​ជោគ​ជ័យយ៉ាងត្រចះត្រចង់ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលឆាប់ៗនេះ ដែលភាព​ជោគជ័យទាំងនេះ បានលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ក្រោម​ការ​ដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង​​​ សម្តេចតេជោ ជាប្រធានគណបក្ស។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញនូវជំនឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការអបអរសាទរចំពោះការរៀបចំមហា សន្និបាតមជ្ឈិមសម្ព័ន្ធយុវ​ជន​កុម្មុយ​នីស្តហូ​ជីមិញ ប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ព្រមទាំងអបអរសាទរដល់លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) ដែលទទួលបានការតែងតាំងជាផ្លូវការជាលេខាធិ ការទី១ នៃគណៈ កម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។

ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរ​វាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង ឱ្យកាន់តែល្អប្រសើរ និងឈានឆ្ពោះឡើង​កម្រិតថ្មីមួយទៀត។

បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជ​ន​កម្ពុជា និងមជ្ឈិមសម្ព័ន្ធកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ២០២៣-២០២៨៕