សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះ និងឆ្លងទន្លេ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាល នឹងចាប់អនុវត្តពីខែសីហាទៅ។
សម្តេចតេជោមានប្រសាសន៍ថា ពីមុនទៅពិនិត្យម្តងគេឲ្យ ៤ម៉ឺន ឥលូវទៅពិនិត្យម្តងគឺឲ្យ ៨ម៉ឺន ចឹងពិនិត្យ ៤ដងស្មើនឹង ៣២ម៉ឺនរៀល។ ដល់ទៅថ្ងៃឆ្លងទន្លេ ពីមុនតែ២០ម៉ឺនទេ ឥលូវជូនដល់ ៤០ម៉ឺនរៀល ដល់បន្ទាប់ទៅ បន្ទាប់ពីកូនកើតហើយ ត្រូវទៅពិនិត្យ១០ដងទៀតទាំងម្តាយនិងកូន ម្តងឲ្យ៨ម៉ឺន ចឹង១០ដងបាន៨០ម៉ឺន។
បើតាមសម្តេច រាជរដ្ឋាភិបាលត្រូវចំណាយក្នុងស្ត្រីម្នាក់ដែលចាប់ផ្តើមពីឆ្លងទន្លេរហូតដល់កូនអាយុ២ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភ១លាន៥សែន២ម៉ឺនរៀល។ តែយ៉ាងណា សម្តេចបញ្ជាក់ថាឥលូវនេះ ត្រូវអនុវត្តគោលការណ៍ចាស់សិនរងចាំដល់ខែសីហាទើបត្រូវអនុវត្តគោលការណ៍ថ្មីនេះ៕
អត្ថបទ៖ អក្ខរា