នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះគ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខាន មកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕