រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទសុីណូវ៉ាក ចំនួន១លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា។ វ៉ាក់សាំងទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះទៅប្រគល់ជូនមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។
នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នៅខែសីហា ឆ្នាំ២០២១ កម្ពុជាក៏បានបន្តឧបត្ថម្ភទៅមីយ៉ាន់ម៉ា រួមមានដូចជា ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។
ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ ដូចជាវៀតណាមឡាវ នេប៉ាល់ និងទីម័រជាដើម។ កម្ពុជាដ្បិតតែជាប្រទេសតូច តែស្មារតី និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានាមានលំហរធំទូលាយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងពោលថា “កម្ពុជាតូចតែបេះដូងធំទូលាយ”៕
អត្ថបទ៖ អក្ខរា