គម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចជាវគ្រឿងស្រវឹងបាននៅកម្ពុជា បានចេញជាលទ្ធផលហើយ។ សិក្ខាសាលាបច្ចេកទេសស្តីពីការផ្សព្វផ្សាយលទ្ធផលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A។ សិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានាទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តានុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការបរិភោគគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។
គួរកត់សម្គាល់ថា ការសេពគ្រឿងស្រវឹងក្នុងចំណោមយុវជនត្រូវបានមើលឃើញថាមានការកើនឡើងច្រើន។ មិនតែប៉ុណ្ណោះ ចំនួនក្មេងៗកាន់តែច្រើនឡើង នាំគ្នាសេពគ្រឿងស្រវឹង ខណៈដែលទីតាំងលក់គ្រឿងស្រវឹងកាន់តែសម្បូរ និងជិតផ្ទះពួកគេ។
និន្នាការនេះ ស្របពេលសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹង ដែលតាក់តែងឡើងតាំងឆ្នាំ២០១៥នោះ នៅជាប់គាំង។មាត្រាមួយចំនួននៃសេចក្តីព្រាងនោះ មិនអនុញ្ញាតឱ្យយុវជនអាយុក្រោម២១ឆ្នាំ ប្រើប្រាស់គ្រឿងស្រវឹងនោះទេហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹងនៅពេលយប់ជាដើម។
ពាក់ព័ន្ធនឹងការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងសម្រាប់មនុស្សពេញវ័យនេះ កន្លងទៅក្រសួងចំនួន៣ ដែលរួមមាន ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ក៏កំពុងពិចារណាផងដែរ ដើម្បីជាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សូមបញ្ជាក់ដែរថា យោងតាមការស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត បានបង្ហាញថា បុរស៧នាក់ក្នុងចំណោម១០នាក់ ដែលស្មើប្រមាណ៧០% សេពគ្រឿងស្រវឹង។ នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា២០២១-២០២២ ចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា