តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចយកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត នឹងធ្វើនៅទីស្តីការ គ.ជ.ប ដោយមានការនិមន្ត យាង សម្តេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
បន្ថែមពីនេះ នៅថ្ងៃទីទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិ ភ្ញៀវពិសេស របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
*ទី១៖ កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធការអញ្ជើញអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣។ តាមការសម្រេចលើឯកសារខាងលើ គ.ជ.ប នឹងអញ្ជើញប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀតដែលមានកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និង បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ក្នុងឋានៈជាអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស។
*ទី២៖ កែសម្រួល និងឯកភាពជាគោលការណ៍លើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
និងទី៣៖ ឯកភាពផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣៕