អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់សាលាក្តីខ្មែរក្រហមនឹងធ្វើការបញ្ចូលកេរដំណែលតុលាការខ្មែរក្រហម ទៅក្នុងកម្មវិធីអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។ នេះបើតាមអត្ថបទស្តីពីការបញ្ចូលយុត្តិធម៌អន្តរកាលទៅក្នុងវិស័យអប់រំផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងខ្លឹមសារអត្ថបទនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសាលដីកាជាចុងក្រោយទៅលើមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ ប្រជាជន ចន្លោះពី១,៥ ទៅ ២ លាននាក់ ត្រូវស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារ ការសម្លាប់រង្គាល ការបង្អត់អាហារ ការបង្ខំឱ្យធ្វើពលកម្ម ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ អ.វ.ត.ក បានផ្តួចផ្តើមឡើងតាំងពីឆ្នាំ ១៩៩៧ ហើយផ្តន្តាទោសមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមចំនួន៣នាក់។ ទោះជាអ.វ.ត.ក បានបិទបញ្ចប់មុខងារតុលាការទៅហើយ ប៉ុន្តែមុខងារសេសសល់បានចាប់ផ្តើម ដោយផ្តោតលើការផ្សព្វផ្សាយកេរដំណែលតុលាការនេះ ជាពិសេសទៅលើ វិស័យអប់រំ។
លោក សឹម សុរិយ៉ា ជាមន្ត្រីច្បាប់នៃអ.វ.ត.ក ហើយគាត់ធ្វើការនៅតុលាការនេះតាំងពីដំបូង។ គាត់សង្កត់ធ្ងន់ថា មានកិច្ចការត្រូវធ្វើបន្តទៀត ហើយពេលនេះ ត្រូវចំពេលជាងពេលណាៗទាំងអស់ ក្នុងការយកបទពិសោធន៍ និង បញ្ហប្រឈមដែលបានរៀនសូត្រពីតុលាការនេះ ទៅដាក់ចូលកម្មវិធីអប់រំ។
ប្រភពដដែលបានបន្តថា ទោះបីជាសង្គមបច្ចុប្បន្នមិនមានខ្មែរក្រហមក៏ដោយ យើងត្រូវតែធានាថា កម្ពុជាមិនមានមូលហេតុទាំងនេះទេ ដើម្បីការពារកុំឱ្យមានរឿងដូចខ្មែរក្រហមកើតឡើងម្តងទៀត។ មានតែរៀនសូត្រពីការខ្វះចន្លោះពីអតីតកាលទេ ទើបអាចជួយយើងបច្ចុប្បន្នធ្វើការងារនេះ បានជោគជ័យ។ ក្នុងន័យនេះ ការធ្វើការងារនេះ តាមរយៈវិស័យអប់រំ គឺជាមធ្យោបាយយ៉ាងសំខាន់។
ក្រោយឆ្នាំ១៩៧៩ ពេលចប់របបខ្មែរក្រហមដ៏ឃោរឃៅ ការបង្រៀនមុខវិទ្យាប្រវត្តិសាស្ត្រខ្មែរ មានការកែលម្អបណ្តើរៗ នៅតាមសាលាមធ្យមសិក្សា ថែមទាំងមានតាមរបៀបសិល្បៈចម្រៀង ប្រព័ន្ធផ្សព្វផ្សាយ និង អក្សរសីល។ នៅពេល អ.វ.ត.ក ចប់ គឺពេលសមរម្យត្រូវមានរបៀបនៃការអប់រំថ្មីឱ្យមានគុណតម្លៃលើសពីអ្វីដែលហៅថាខ្មែរក្រហម។ ចៅក្រមបានសម្រេចនិងកំណត់ការពិតមួយថានរណា បានប្រព្រឹត្តបទល្មើសអ្វី ទៅលើអ្នកណា ដោយមូលហេតុអ្វី។ អង្គហេតុទាំងនេះ បានចារឹកទុករួចហើយ។ ដូចនេះ ពេលនេះ គឺជាពេលត្រូវដកស្រង់យកមេរៀនមករៀនថា តើកត្តាអ្វីខ្លះដែលបានរួមចំណែកកសាងសន្តិភាព ហើយដែលជាកត្តាផ្តួចផ្តើមដោយខ្មែរខ្លួនឯង ដូចជា ការផ្សះផ្សាជាតិដែលចេញមកពីការចរចារសន្តិភាព ការចូលរួមរបស់យុវជន ស្ត្រីនិងយែនឌ័រ យុត្តិធម៌ចំពោះការរំលោភសិទ្ធិមនុស្ស គរុកោសល្យនិងវិធីបង្រៀន ជាដើម។ កម្ពុជាបានប្រឹងប្រែងបំពេញភារកិច្ចនេះ ទោះបីថា ពីដំបូងមក ខ្វះខាតថ្នាក់រៀនដាក់សិស្សច្រើនពេក រៀនតាមរបៀបទន្ទេញចាំមាត់ ខ្វះសម្ភារៈសិក្សា និងគ្រូមានសមត្ថភាព។
កិច្ចការដែលលក្ខណៈពិសេសហើយទទួលបានជោគជ័យដូចជាការងារ អ.វ.ត.ក នេះ អាចទាញយកមកធ្វើជាគម្រូវិធីសាស្ត្របង្រៀន ដូចជា ភាពរសើបចំពោះវិវាទ របៀបគិតគូរបែបនវានុវត្តន៍ ការចេះវិភាគរកខុសត្រូវ ការប្រៀបធៀបតាមប្រមាណវិស័យនិងគុណវិស័យ ការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា ជនរងគ្រោះ សិស្សនិស្សិត គ្រួសារ គ្រូបង្រៀន អ្នកសិក្សាស្រាវជ្រាវ សហគមជាតិ និង អន្តរជាតិ។ បើកម្ពុជាអាចធ្វើបានចំពោះវិស័យយុត្តិធម៌អន្តរកាល កម្ពុជាក៏អាចធ្វើបានដែរ ចំពោះវិស័យអប់រំឧត្តមសិក្សា។ អ.វ.ត.ក ត្រៀមខ្លួនជាស្រេចក្នុងការប្រមូលបណ្តាសហគមនិងអ្នកជំនាញ ដើម្បីធ្វើកម្មវិធីនិងសម្ភារៈសិក្សា។ ប៉ុន្តែ អ.វ.ត.ក មិនអាច ហើយមិនគួរ ធ្វើកិច្ចការនេះម្នាក់ឯងនោះទេ។
ក្នុងនាមជាដៃគូ ក្នុងកម្មវិធីដៃគូសាកលវិទ្យាល័យអាស៊ីអគេ្នយ៍ដើម្បីសន្តិភាព នៃសេវាកម្មសន្តិភាពស៊ីវិល របស់ទីភ្នាក់ងារអភិវឌ្ឍន៍ អាល្លឺម៉ង់ អ.វ.ត.ក នឹងធ្វើការបញ្ចូលកេរដំណែលតុលាការនេះ ទៅក្នុងកម្មវិធីអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងអត្ថបទការបញ្ចូលយុត្តិធម៌អន្តរកាលទៅក្នុងវិស័យអប់រំ៕