ក្នុងជំនួបពិភាក្សាការងារ រវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ លោក WILL Parks នាយកអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចសូមថ្លែងអំណរគុណចំពោះអង្គការ យូនីសេហ្វ ដែលបានផ្តល់ការគាំទ្រតាមរយៈជំនួយ ឬកម្មវិធីផ្សេងៗជាមួយក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលផ្ដោតទៅលើការលើកកម្ពស់តួនាទីរបស់ស្ត្រី និងការចូលរួមគាំពារដល់កុមារដែលកិច្ចការនេះក៏ជាផ្នែកមួយនៅក្នុងក្របខ័ណ្ឌនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។
សម្ដេចក៏មានសង្ឃឹមជឿជាក់ថា យូនីសេហ្វ នឹងបន្តគាំទ្រដល់កិច្ចការងារនេះជាបន្តទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្ត្រនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ សម្តេចក៏បានជម្រាបជូន លោកប្រធានអង្គការយូនីសេហ្វផងដែរថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកិច្ចការអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ។
លោកប្រធានអង្គការយូនីសេហ្វក៏បានជម្រាបជូនសម្ដេចផងដែរថា យោងតាមផែនការសកម្មភាពការងាររបស់ យូនីសេហ្វ រយៈពេលបួនឆ្នាំរហូតដល់ឆ្នាំ២០២៨ ដែលមាននូវគំនិតផ្ដួចផ្ដើមក៏ដូចជាយោបល់មួយចំនួនក្នុងការផ្ដល់កិច្ចសហការ រួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ក្នុងនោះក៏មានគំនិតផ្ដួចផ្ដើម ក៏ដូចជាយោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជនតាមមូលដ្ឋាននៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកបន្តថា ជាមួយគ្នានេះ ក៏មានដូចជាការផ្ដោតការគាំទ្រទៅលើខេត្តគោលដៅមួយចំនួនដើម្បីអនុវត្តសកម្មភាព ជាក់ស្ដែងណាមួយឱ្យទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេសនោះគឺពាក់ព័ន្ធទៅនឹងការផ្តល់នូវសេវាសង្គមដែល ផ្ដោតទៅលើស្ត្រី និងកុមារ៕