ចាប់ពីឆ្នាំ២០២៤តទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបេីតាមការឲ្យដឹងពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានប្រាប់យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនានេះថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ដ្រ នៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ គឺមិនដែលមាននោះទេ ក្នុងប្រវត្តិសាស្ដ្ររបស់កម្ពុជា គិតមកដល់ពេលនេះ។
សម្ដេចក្រឡាហោម បន្ដថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងដំណើរការការងារផ្ទេរការគ្រប់គ្រង វិស័យអប់រំកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានពេញលេញបន្ទាប់ពីបានអនុវត្តនូវគម្រោងសាកល្បងមួយរយៈពេលកន្លងមក ក្នុងខេត្តបាត់ដំបង៕
អត្ថបទ៖ អក្ខរា