មន្ទីរពេទ្យដែលបានបន្សល់ពីសម័យមុន មានដូចជា មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកុមារ ជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យ លោកសង្ឃ ដែលបច្ចុប្បន្នបានកែប្រែមុខមាត់ថ្មី ដោយមានសាងសង់បន្ថែម អាគារថ្មីៗ នៅក្នុង បរិវេណចាស់ ទំនើបធំស្គឹមស្កៃ ។ ជាមួយគ្នានេះ ក៏មានមន្ទីរពេទ្យមួយចំនួនត្រូវបាន រាជរដ្ឋាភិបាល រៀបចំសាងសង់ថ្មី បំពាក់ដោយឧបករណ៍ទំនើបៗ មានដូចជា មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និង មន្ទីរពេទ្យតេជោសែនកោះធំ។
១/ អគារមជ្ឈមណ្ឌល ពហុឯកទេស «តេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតដែលមាន តម្លៃជាង៧០លានដុល្លារ បំពាក់នូវឧបករណ៍ វេជ្ជសាស្ត្រ ទំនើបៗដែលនាំចូលមកពីប្រទេស អាលឺ្លម៉ង់និងសហរដ្ឋអាមេរិក ត្រូវបានដាក់សម្ពោធ នៅព្រឹកថ្ងៃទី២៣ ខែ ឧសភាឆ្នាំ២០២៣។
២/ អគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ ត្រូវបានដាក់សម្ពោធ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ អគារថ្មីនៃមនី្ទរពេទ្យកុមារជាតិនេះ មានទទឹង១៥ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៤ជាន់ និងគ្រែសម្រាប់ទទួលអ្នកជំងឺ សម្រាកព្យាបាល ចំនួន១០០គ្រែ។
៣/ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាសំណង់ថ្មី សាងសង់ឡើង ក្រោមជំនួយឥត សំណងរបសសាធារណៈរដ្ឋប្រជាមានិតចិនតម្លៃជិត ៥០លានដុល្លារ។ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ។ មន្ទីរពេទ្យនេះ មាននូវកន្លែងផលិតអុកស៊ីសែន សម្រាប់ផ្គត់ផ្គង់ តម្រូវការក្នុងខេត្ត និងបន្តផ្គត់ផ្គង់ដល់ខេត្តដៃទៀត។
៤/ អាគារមន្ទីរពេទ្យថ្មី ដែលមានឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ»ឬហៅថា«មន្ទីរពេទ្យលោកសង្ឃ» ត្រូវបានដាក់សម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២២។ អាគារពេទ្យថ្មីសាងសង់ក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើបប្រើប្រាស់ថាមពលទាប និងមាន គុណភាពខ្ពស់។ អគារមន្ទីរពេទ្យនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្រសម្រាប់សង្គ្រោះបន្ទាន់ ដែលផ្ទុកទម្ងន់ជាមធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។
៥/ មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យមាន ឯកទេសព្យាបាលភ្នែក ច្រមុះ បំពង់ ក មាត់ និង ធ្មេញ ។ មន្ទីរពេទ្យនេះសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។ អាគារមន្ទីរ ពេទ្យ ព្រះអង្គឌួងថ្មី ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ ចំណាយក្នុងការសាងសង់ អស់ជាង៨លានដុល្លារ។
៦/ អគារព្យាបាលជំងឺថ្មី មួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់ ដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» សម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ដោយចំណាយថវិកា ប្រមាណជា ៣លានដុល្លារអាមេរិក។
៧/ សំណង់អាគារមន្ទីរពេទ្យ ថ្មីមួយទៀត នឹងបង្ហាញវត្តមាននៅខេត្តកណ្តាល ដែលចំណាយ ថវិកា ក្នុងការសាងសង់ អស់ប្រមាណ១០លានដុល្លារ នោះគឺ មន្ទីរពេទ្យតេជោសែនកោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខ។ មន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យ ផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាលនិងស្រុកព្រៃកប្បាស ខេត្តតាកែវ ។ មន្ទីរពេទ្យតេជោសែនកោះធំ មានតម្លៃ ១០លានដុល្លារអាម៉េរិក សាងសងលើផ្ទៃដីប្រមាណ ១,៣ហិកតា ដែលមានអគារថ្មីចំនួន ៣ខ្នង ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើការព្យាបាលអ្នកជំងឺ។
៨/ មន្ទីរពេទ្យហ្លួងម៉ែ ជាអតីតមន្ទីរពេទ្យឯកជនស្ត្រី នគរទេព ស្ថិតក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ ត្រូវបានរដ្ឋាភិបាលសម្រេចទិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងប្រើប្រាស់សម្រាប់ ព្យាបាលជំងឺទូទៅ៕