អង្គការមាតាធម្មជាតិ សោក​ស្តាយចំពោះសកម្មភាពរបស់ក្រុ​ម​​សក​ម្មជន​បរិស្ថា​ន​ និងអង្គកា​រ​មួយចំ​នួន​ ដែល​រារាំង​​គម្រោង​​អភិ​វឌ្ឍន៍ធ្វើឲ្យខា​តប្រយោន៍​ជាតិ

អង្គការមាតាធម្មជាតិ ដែលដឹកនាំដោយលោក ម៉េង ហេ​ង​ ជាប្រធាន បានបង្ហាញការ​សោក​ស្តាយ​ចំពោះ​សកម្ម​ភា​ព​រ​បស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួន​ដែលពុំបានសិក្សាឲ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនិងគម្រោង​អភិ​វឌ្ឍន៍ ដែល​បានធ្វើឲ្យខាតបង់នូវផលប្រយោន៍ជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អង្គការមាតាធម្មជាតិ បានយល់​ឃើញថា ក្រុមសកម្មជន បរិស្ថានយុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលតែងតែធ្វើ​ការរិះគន់ និងរារាំងដល់គម្រោងអភិវឌ្ឍន៍ នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឲ្យបាត់​បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ​ពិតប្រាកដ។

អង្គការមាតាធម្មជាតិ បានលើកយកករណីថ្មីៗនេះ មកបង្ហាញ គឺករណីនៅព្រឹកថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ២០២៣ មានយុវជនមួយចំនួនបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្នុងគោល​បំណង ស្នើបញ្ឈប់កាត់ដីឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលមានទីតាំងស្ថិត​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ករណីនេះអង្គការមាតាធម្មជាតិ បានសង្កេតឃើញថា ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្ស​កំណត់ដោយព្រះរាជ ក្រឹត្យ មានផ្ទៃដីជាង ៣ម៉ឺន៥ពាន់ហិកតា​ត្រូវបានរាជរដ្ឋាភិបាលចេញ​អនុក្រឹត្យ កាត់ឆ្លៀល ដីឧទ្យាជាតិគិរីរម្យតែជាង២០០ហិកតា ជួលទៅឲ្យក្រុមហ៊ុន វ៉នម៉រ (One More) ក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋ ដោយមិនធ្វើឲ្យប៉ះពាល់បរិស្ថាននោះទេ។