ក្រសួងសម្រេចបិទ និងអនុវត្តច្បាប់ចំពោះមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដែលវះកាត់ស្លាប់នារីម្នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្ដីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។

គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីនារីម្នាក់បានចូលវះកាត់កែសម្ផស្សយកខ្លាញ់ក្បាលពោះចេញ នៅគ្លីនិកបូរិន្ទ កោះពេជ្រ។ គ្លីនិកដឹងថាមិនស្រួល ក៏ដឹកអ្នកជំងឺចេញ ហើយបានតែមួយថ្ងៃក៏បានស្លាប់។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា ទុន ពិសី ( Pisey Tun) កាលពីយប់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣ បានសម្ដែងការចូលរួមមរណៈទុក្ខ និងថ្លែងអំពីទុក្ខសោកចំពោះប្អូនស្រីរបស់ខ្លួន។​គណនីនេះបានសរសេររៀបរាប់ថា៖ “ខ្ងុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ងុំណាស់ បានចូលវះកាត់កែសម្ផស្សនៅគ្លីនិកបូរិន្ទ ស្ថិតក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ហើយបានធ្វើឱ្យប្អូនខ្ងុំស្លាប់ សូមក្រសួងសុខាភិបាល មេត្តាពិនិត្យលើរឿងនេះ និងជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ធ្វើយ៉ាងណាអនុវត្តតាមច្បាប់ឱ្យគ្លីនិកបុរិននេះ ទទួលខុសត្រូវចំពោះការស្លាប់របស់ប្អូនស្រីនាងខ្ញុំ”។

បើតាមម្ចាស់អាខោនហ្វេសប៊ុកដដែលបានឲ្យដឹងទៀតថា ប្អូនស្រីរបស់នាង មានឈ្មោះ ស៊ីនួន រិទ្ធីយ៉ា អាយុ៣៦ឆ្នាំ មានកូនចំនួន ៣នាក់ បានចូលវះកាត់កែសម្ផស្សនៅគ្លីនិកបូរិន្ទ នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣, គឺវះកាត់យកខ្លាញ់ក្បាលពោះចេញ ពេលវះកាត់រួចរយ:ពេល ២ម៉ោង ឃើញមិនស្រួល គ្លីនិកបូរិន្ទ ក៏រៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ត ប៉ុន្តែសម្រាកបាន១យប់ អ្នកដែលវះកាត់សម្រកខ្លាញ់នោះ ក៏ស្លាប់ទៅ។

យោងតាមលិខិតចុះឈ្មោះ និងការបញ្ជាក់របស់គ្លីនិកបុរិន្ទ អំពីការចាក់បំពេញខ្លាញ់ត្របកភ្នែក ចាក់បំពេញថ្ពាល់សងខាង និងកែកុនកន្លែងផ្សេងៗទៀត សរុបជាប្រាក់តម្លៃ ៤,៩៥០ដុល្លារ៕

អត្ថបទ៖ អក្ខរា