ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ នេះបើតាមការឲ្យដឹងក្នុងពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានកោតសរសើរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។
ទាក់ទងនឹងការងារនេះ ត្រូវធ្វើមានសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។ ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែលស្រលាញ់ផ្សោត។ លើសពីនេះទៀត គឺការបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ នេះបើតាមក្រសួងកសិកម្ម។
សូមបញ្ជាក់ថា ទូកនិងសម្ភារល្បាតដល់ឆ្មាំការពារ ដែលត្រូវបានប្រគល់ឲ្យឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គមានដូចជាទូកម៉ាស៊ីនចំនួន ៦គ្រឿង អាវពោងចំនួន ៤៤អាវ សឺម៉ែលចំនួន ២៤គ្រឿង និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ សម្រាប់បុស្តិ៍ឆ្មាំទាំង១១ផងដែរ។ ក្នុងពិធីនោះ ក៏មានការដុតបំផ្លាញសម្ភារនេសាទខុសច្បាប់ដែលបង្ក្រាបបាន ដូចជាឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ មងក្រឡាធំ និងឧបករណ៍មួយចំនួនទៀត។
គួរឲ្យដឹងដែរថា សត្វផ្សោតទន្លេមេគង្គគឺជារតនៈសម្បត្តិធម្មជាតិមានជីវិតដែលមានប្រមាណ៩០ក្បាលរស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នេះបើតាមរដ្ឋបាលជលផល។ បើតាមអង្គការ WWFកម្ពុជាសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មានចំនួនយ៉ាងហោចណាស់ ២៩ក្បាល៕
អត្ថបទ៖ អក្ខរា