សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំៗទៅលើក្រុមហ៊ុន Internet មួយឈ្មោះ HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយសម្តេចថា បុគ្គលិកក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ណល់ទៅទៀត។
សម្ដេចតេជោ បានណែនាំឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះពិនិត្យក្រុមហ៊ុននេះ ដែលសម្តេចថា កុំគិតតែពីយកលុយពីអតិថិជន តែមិនធ្វើការ។ ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ណ្ដាក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់ ត្រូវផ្ដល់សេវាដល់ពលរដ្ឋឲ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានដាក់ចេញ ហើយសុំឲ្យបណ្តាញអ៊ីនធើណិតនានាតម្លើងអង់តែនឲ្យបានច្រើន។
សម្តេចតេជោ មានប្រសាសន៍បែបនេះពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា