ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅក្នុងឆ្នាំនេះចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៩.៧១០.៦៥៥ សន្លឹក។ ឯកឧត្តមបានបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោតទៅក្នុងផ្នែក ខាងមុខនៃបណ្ណ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
ឯកឧត្តមបានឲ្យដឹងបែបនេះក្នុងកិច្ចប្រជុំស្តីពី ការរៀបចំការផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ការចេញបណ្ណដល់អ្នកសារព័ត៌មាន និងក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់គ.ជ.ប។
ឯកឧត្តមសមាជិក គ.ជ.ប បានបន្ថែមថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវបានផលិតតាមលក្ខណៈបច្ចេកទេសកុំព្យូទ័រ ដោយការផ្ទេរឈ្មោះ និងទិន្នន័យមួយចំនួនរបស់អ្នកបោះឆ្នោត ពីបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យ បោះឆ្នោតពាក់ព័ន្ធ មានន័យថា ឈ្មោះ រូបថត និងទិន្នន័យអ្នកបោះឆ្នោតនៅលើបញ្ជីបោះឆ្នោត ផ្លូវការ និងនៅលើបណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដូចគ្នាទាំងស្រុង។ ឯកឧត្តមបានបន្តថា បណ្ណនេះត្រូវបានបោះពុម្ពសងខាង ដោយនៅផ្នែកខាងមុខ បោះពុម្ពអក្សរពណ៌ខ្មៅ លើផ្ទៃក្រដាសពណ៌ស។ ចំណែកផ្នែកខាងខ្នងវិញ បោះពុម្ពអក្សរពណ៌ក្រហម លើផ្ទៃក្រដាសពណ៌ផ្ទៃមេឃខ្ចី ដើម្បីកុំឱ្យមានការភាន់ច្រឡំជាមួយនឹងបណ្ណព័ត៌មានអ្នកបោះឆ្នោតលើកមុនៗ។
ឯកឧត្តម ឯម សូផាត បានបញ្ជាក់ទៀតថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឡើយ។ បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺតម្រូវឱ្យគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមួយ ឬច្រើនក្រុមឱ្យសមស្របតាមចំនួនភូមិ និងទៅតាមភូមិសាស្រ្តជាក់ស្តែងក្នុងឃុំ សង្កាត់របស់ខ្លួន។
ការចែកជូនប្រជាពលរដ្ឋតាមភូមិនានាក្នុងឃុំ សង្កាត់ ចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះបណ្ណដែលនៅសល់ នៅតែបន្តចែកនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវទៅទទួលបណ្ណព័ត៌មានអ្នកបោះឆ្នោតដោយខ្លួនឯង ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា គោលបំណងនៃការផ្តល់បណ្ណព័ត៌មាន អ្នកបោះឆ្នោតនេះ ទី១ ដើម្បីជួយផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការ បានយល់ដឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត លេខកូដ និង ទីតាំងការិយាល័យបោះឆ្នោត លេខរៀង ឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត ទី២ បង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវបោះឆ្នោត និងទី៣ បង្កភាពងាយស្រួលដល់លេខាធិការនៃគណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការរកឃើញ ឈ្មោះអ្នកបោះឆ្នោតភ្លាមៗ ដើម្បីឱ្យអ្នកបោះឆ្នោតអាចបោះឆ្នោតបានឆាប់រហ័ស៕
អត្ថបទ៖ អក្ខរា