ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ អមដោយសហការីជាតិ និងអន្តរជាតិ តំណាង ជាន់ខ្ពស់របស់ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគអាស៊ី AIIB នាយកមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD តំណាងជាន់ខ្ពស់របស់មូលនិធិបៃតង GCF និងតំណាងអង្គការសហប្រជាជាតិ UN-FAO បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងឯកឧត្តម ខូយ លីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកប្រធាន-អនុប្រធានមន្ទីរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញសាលាខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ ស្តីពីការអនុវត្តន៏គម្រោង CAISAR និងគម្រោង IWRM នាសាលាខេត្តពោធិ៍សាត់ ។
គម្រោងទាំងនេះ អនុវត្តក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ត្រង់ប្រព័ន្ធធារាសាស្រ្តខ្នាតធំអូរតាប៉ោងតាណៃ ស្ទឹងស្វាយដូនកែវ និងប្រព័ន្ធធារាសាស្រ្តក្បាលហុង ស្ថិតក្នុងស្រុកបាកាន និងក្រុងពោធិ៍សាត់ ហើយគម្រោងខាងលើនេះ នឹងធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម របស់ខេត្តភូមិភាគកណ្តាលនៃប្រទេសកម្ពុជា ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ទប់ទល់នឹងការឡើងកម្តៅនៃភពផែនដីបានជាអតិបរមា ធានាបាននូវសន្តិសុខទឹកលើគ្រប់រដូវកាលបម្រើឲ្យគ្រប់វិស័យទាំងអស់។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការក៏បានដឹកនាំគណៈប្រតិភូចុះធ្វើការត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងអនុវត្តគម្រោង ហើយក៏បានជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផល និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគិតគូរគូសវាសគ្រោងប្លង់លម្អិតផ្ទាល់ និងបញ្ជាលើគ្រប់លក្ខខណ្ឌទាំងអស់ ក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមក្នុងបណ្តាខេត្តភូមិភាគកណ្តាល ជាពិសេស បញ្ជៀសខេត្តពោធិ៍សាត់ ឲ្យផុតពីកង្វះខាតទឹកក្នុងបិមាណជាមធ្យម ៦០០ លានម៉ែត្រគូប រៀងរាល់រដូវប្រាំង ស្ទើរជារៀងរាល់ឆ្នាំ ។ ឯកឧត្តមរដ្ឋមន្ត្រី បានយកចិត្តដាក់តាមដានជាប្រចាំលើបរិមាណទឹកពីតំបន់ជំរាលផ្ទៃរងទឹកភ្លៀងក្នុងតំបន់ជួរភ្នំក្រវាញខាងលើស្ទឹងពោធិ៍សាត់ ជួរភ្នំ ១៥០០ ស្ទឹងប្រមោយ និងស្ទឹងស្រែខ្លុង ។
យោងតាមបុព្វហេតុទាំងអស់នេះហើយ ទើបឯកឧត្តមរដ្ឋមន្រ្តី ក្រោមការសហការគាំទ្រដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសំណាក់ AIIB, IFAD, GCF, និង UN-FAO សម្រេចធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងតំបន់អូរតាប៉ោងតាណៃ ដល់អ្នកតាទ្វារ តំបន់ស្ទឹងស្វាយដូនកែវ ប្រព័ន្ធធារាសាស្រ្តខ្នាតយក្សក្បាលហុង និងតំបន់បឹងខ្នា៕