ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធាន នាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការ​កណ្តា​ល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាន អនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹក​នាំ​ដោយលោក ចាវ ស៊ីថុង ប្រធាននាយក ដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូល​ជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។

កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្ត គ្នា បន្តរួមចំណែកពូនជ្រំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសប្រជា​ជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់ត ជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្សប្រទេស​ទាំង​ពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ និយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេសគម្រោង​ផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន។ល។ ដែលមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

លើលពីនេះទៅទៀត ភាគីទាំងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល ប្រជាជន និងប្រជាជន ជាពិសេសយុវជន ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន។

ភាគីទាំងពីរបានឯកភាពគ្នា បន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ គ្រប់កម្រិត ឱ្យ កាន់តែរឹងមាំថែមទៀត ដើម្បី​​ផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំង​ជំរុញថែមទៀតនូវកិច្ចសហ​ប្រតិ​បត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី នានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក។