ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ឲ្យគ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ក្រ កុំឲ្យក្រទាំងចិត្ត កុំចាំត្រឹមតែ២០ម៉ឺន ៣០ម៉ឺន ១លាន ២លាន ហើយយើងទៅសុំបរទេសដែរ យើងធ្វើបានខ្លួនឯងយើងធ្វើ ហើយខ្ញុំបន់ស្រន់ចង់ឲ្យវិស័យឯកជនរបស់កម្ពុជា រឹងមាំ”។
សម្ដេចតេជោបានគូសបញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជន ទាំងវិស័យអប់រំ វិស័យសុខាភិបាល បង្កើតការងារ និងវិស័យជាច្រើនទៀត៕
អត្ថបទ៖ អក្ខរា