សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មិត្តបរទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនកុំឲ្យលូកលាន់កិច្ចការប្រទេសក្នុងរបស់កម្ពុជា ដោយថាការលូកលាន់ទាំងនោះ វានឹងធ្វើឲ្យអ្នកជាប់គុកកាន់តែបន្តជាប់គុកទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ករណីតុលាការកាត់ទោស ហើយសម្តេចមិនលើកលែងទោស ព្រោះ សម្តេចមិនជឿទុកចិត្តបរទេសដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទោះបីជាសម្ដេចតេជោ មិនបាននិយាយឈ្មោះអ្នកជាប់ទោសនោះចំក្ដី ប៉ុន្តែហាក់បីដូចជាទំនងសំដៅទៅកាន់លោក កឹម សុខា ដែលកន្លងទៅមានបណ្ដាទូត និងថ្នាក់ដឹកនាំរបស់ប្រទេសលោកសេរីនានា បានទៅជួបជាបន្តបន្ទាប់ ហើយដែលរឿងនេះសម្តេចតេជោចាត់ទុកថា គឺជាការចាប់ដៃជាន់ជើងក្នុងរឿងនយោបាយកម្ពុជា។
សម្តេចមានប្រសាសន៍បន្ថែមថា “ខ្ញុំយល់ថាពីនេះដល់ការបោះឆ្នោត សុំអស់លោកស្ងៀមស្ងាត់ ទុកឲ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា”៕
អត្ថបទ៖ អក្ខរា