ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។
គ្រឹះស្ថានឧត្ដមសិក្សាចំនួន ១១ រួមមាន ១) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៤) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥) វិទ្យាស្ថានជាតិអប់រំ ៦) សាកលវិទ្យាល័យជាតិបាត់ដំបង ៧) សាកលវិទ្យាល័យជាតិមានជ័យ ៨) សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៩) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១០) វិទ្យាស្ថានកំពង់ឈើទាល និង ១១) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាទាំង ១១ សរុបចំនួនប្រមាណ ៣០០ នាក់។
កិច្ចព្រមព្រៀងជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំង ១១ មានគោលបំណង ១) ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ ២) រៀបចំប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាតាមបច្ចេកវិទ្យាឌីជីថល ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត សម្រាប់ការប្រើប្រាស់ក្នុងគ្រឹះស្ថាន និង ៤) សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំង ១១ ជាមួយនឹង ក.ប.ទ. ដែលជាការចូលរួមចំណែកអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “ការចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈនិងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល”។
ឯកឧត្ដម ជា វ៉ាន់ដេត របានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំជាវិស័យដៃគូមួយសម្រាប់កិច្ចការបរិវត្តកម្មឌីជីថល។ ឯកឧត្តមបានលើកឡើងថា ការចាប់ផ្ដើមធ្វើបរិវត្តកម្មឌីជីថលពីវិស័យអប់រំនឹងផ្ដល់ផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលផ្ទាល់ដល់យុវជន ដែលជាក្រុមប្រជាសាស្ត្រធំនិងមានសារៈសំខាន់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក.ប.ទ. ក៏បានបញ្ជាក់សារជាថ្មីអំពីការបន្តខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយរឹងមាំនិងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស តាមរយៈការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថល។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក.ប.ទ. បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធផ្លាស់ប្ដូរឥរិយាបទជាវិជ្ជមាន ដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ត្រៀមខ្លួនសិក្សានិងចាប់យកបច្ចេកវិទ្យាល្អៗ កែលម្អទម្លាប់ចាស់ និងបង្កើតទម្លាប់ថ្មីល្អៗ ដើម្បីទទួលបានផលជាអតិបរមាពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលក្នុងសាកលលោក។
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ មានគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈនិងឯកជនចំនួន ១២ ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹង ក.ប.ទ. ហើយក៏នៅមានគ្រឹះស្ថានមួយចំនួនទៀត ដែលនឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕