អាជ្ញាធរកម្ពុជា ចាប់បានទារស់ជិត ៣ពាន់ក្បាល ដែលលួចនាំចូលខុសច្បាប់ពីវៀតណាមតាមច្រករបៀង ស្រុកបុរីជលសារ ខេត្តតាកែវ។ នេះបើយោងតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
លោក ហ៊ុន សារ៉ាត់ បានឲ្យដឹងថា នៅវេលម៉ោង២០ និង១០ នាទីនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្ដាល ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDIA ពណ៌ក្រហម ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៥តោន ពាក់ស្លាក់ស្លាកលេខកំពង់ចាម ៣A-៧១៧២ ដឹកសត្វទារស់ចំនួន២៧២៥ក្បាល ដោយបានធ្វើការនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោកបានបន្តថា ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ២ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ អក្ខរា