ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា បង្ហាញពីការគាំទ្រដល់ជនមានពិការភាព

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភានេះ បានលើកឡើងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមលើកឡើងថា៖ “ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ។ ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។ ទាំងអស់គ្នា រួមគ្នា គាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា!”។

គួរជម្រាបថា បន្ទាប់ពីជោគជ័យធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ ១៣ប្រភេទកីឡា៕

អត្ថបទ៖ អក្ខរា