សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានគោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។
សម្តេច តេជោ ថ្លែង បានបន្តថា បើយើងអនុវត្តន៍បន្ថែម សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ ក៏វាមិនធ្វើឲ្យ សេដ្ឋកិច្ចរបស់យើង ដួលនោះដែរ តែយើងបានត្រឡប់មកវិញ នូវសុខមាលភាពរបស់ ស្ត្រីមានផ្ទៃពោះរបស់យើង ។ ដូចនេះ អ្នកមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះ គឺទទួលបានប្រាក់ឧបត្ថម្ភតែម្តង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ២០២៣ នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២,៣ ម៉ឹននាក់, ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃ” គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ” នៅតំបន់សេដ្ឋកិច្ចពិសេ សក្រុងព្រះសីហនុ។
សម្តេចតេជោបានមានប្រសាសន៍ថា ” នៅថ្ងៃនេះ ខ្ញុំសុំប្រកាសសម្រាប់ស្រ្តី ដែលធ្វើការ ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធទាំងអស់ ដែលនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ ត្រូវទទួលបាននូវរបបឧបត្ថម្ភ ពេលមានផ្ទៃពោះ។ ខ្ញុំក៏កំពុងប្រាប់ឲ្យ ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ពិនិត្យលទ្ធភាព ដើម្បីតម្លើងប្រាក់ឧបត្ថម្ភ “។