ជីវភាព និងកិត្តិយស គឺគោលដៅសំខាន់ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងអនុវត្តគិតគូរកន្លងជូន ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។ នេះបើតាមការលើកឡើងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម, សេវាសុខាភិបាល, ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។ រីឯ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង។
ជាមួយគ្នានេះ ឯកឧត្តម ថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់អតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី, ថវិកា, និងសម្ភារ រួមទាំងការដោះស្រាយរាល់ការលំបាកផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ដែលបានចាប់ផ្តើមចេញពីចំណុចសូន្យរហូតទទួលបានសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ អនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យ បានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានា បានផ្ដល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈ ផ្សេងៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕