អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជា្រវ រកឃើញចំនួនសេសសល់តិចតួច មាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ក្នុងអំឡុងឆ្នាំ២០០២ រដ្ឋបាល ជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសម្បុក ដោយមានការចូលរួមពីប្រជាជនសហគមន៍ រស់នៅក្នុងស្រុកស្រែអំបិល ដោយជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យចូលបម្រើការងារជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសម្បុកសត្វអណ្តើកហ្លួងជំនួសឲ្យការប្រមូលយកពងកូនយកទៅលក់។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨១ក្បាល ហើយដែលមានអាយុចាប់ពី១ឆ្នាំឡើងមានចំនួន១៦០ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៦៧ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។
អណ្តើកជំទង់ និងស្ទើរជំទង់នៅក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំក្នុងស្រះបង្កាត់ពូជចំនួន ៤ ចំណែកកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ៕