អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធទាត់ចោលការចោទប្រកាន់របស់មនុស្សមួយក្រុមតូចដែលព្យាយាមចោទប្រកាន់ ក្រុមហ៊ុនGalaxy navatra Group ថាបោកប្រាស់គេ ដោយអ្នកឧកញ៉ាចាត់ទុកការចោទនេះជាការបំភ្លើសការពិតទាំងស្រុង ។
ចំពោះការសង់ផ្ទះជូនអតិថិជនមានភាពយឺតយ៉ាវ អ្នកឧកញ៉ា បានបកស្រាយថា ចំពោះការទិញ និងលក់ ក្រុមហ៊ុននិងអតិថិជន បានព្រមព្រៀងគ្នាក្នុងការធ្វើកិច្ចសន្យា ថាប្រសិនបើមានការយឺតយ៉ាវ ក្រុមហ៊ុននឹងអនុវត្ដន៍តាមកិច្ចសន្យា ដោយសងក្នុងការយឺតយាវ នៅពេលប្រគល់ទទួលសោរផ្ទះចូលរស់នៅ។ សព្វថ្ងៃ ក្រុមហ៊ុនប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការសាងសង់សំណង់មានគុណភាព សំរុកចាក់ដីដូចបងប្អូនបានឃើញ។
អ្នកឧកញ៉ា បន្តថា ទោះបីជា សេដ្ឋកិច្ចសកលនិងសង្គ្រាមបានបង្កបញ្ហាដល់គម្រោង ជាមួយនឹងឧបសគ្គធំៗមួយចំនួនដូចជាប្រេងឡើងថ្លៃដែលបណ្ដាល អោយថ្លៃការសាងសង់ឡើងខ្ពស់ខ្លាំងជាងតម្លៃដែលមាននៅផែនកាគ្រោងទុកក្នុងការសាងសង់ ក៏ក្រុមហ៊ុនទទួលខុសត្រូវការសាងសង់អោយបានចប់។ ក្រុមហ៊ុនបានយកចិត្តទុកដាក់នឹងលក់ផ្ទះក្នុងតម្លៃទាប ប្រឹងប្រែងគិត ពីគុណភាពខ្ពស់ សោភ័ណភាពសុវត្ថិភាព ដើម្បីឱ្យបានលំនៅឋានមួយសមរម្យ សម្រាប់ការរស់នៅនិងផលចំណេញទៅពេលអនាគត របស់ពុកម៉ែបងប្អូន។
អ្នកឧកញ៉ា ក៏បានសុំការអភ័យទោសអតិថិជន ចំពោះភាពយឺតយ៉ាវ និងប្រាប់កុំឲ្យមានការព្រួយបារម្ភឲ្យសោះរាល់ផ្ទះមួយចំនួនដែលយឺតយ៉ាវ ក្រុមហ៊ុនទទួលខុសត្រូវទៅតាមកិច្ចសន្យា ។ បញ្ហាកើតឡើងចំពោះសេដ្ឋកិច្ចទូទាំងពិភពលោក បានជះឥទ្ធិពលទៅគ្រប់បញ្ហាជីវកម្មទាំងអស់ បុរីជាច្រើនមានការយឺតយាវមិនមែនតែក្រុមហ៊ុនរបស់អ្នកឧកញ៉ានោះទេ។
គួររម្លឹកថា បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ផ្ទះដែលបញ្ចប់ចូលរស់នៅបានសរុបជាងមួយម៉ឺនខ្នង និងដីឡូលំនៅឋានជាង២០ម៉ឺនប្លង់ ដែលជាក្រុមហ៊ុនមួយលក់ផ្ទះ និងដាច់បំផុតសំរាប់តម្លៃផ្ទះទាបគុណភាពខ្ពស់ បានចំនួនច្រើនជាងគេនៅក្នុងប្រទេសនិងរីកលឿនបំផុតនិងមានដី គម្រោងអភិវឌ្ឍន៍សរុបទូទាំងប្រទេស ជាងមួយម៉ឺនហិចតា៕
អត្ថបទ៖ សីហា