ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទី១. ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន និងទី២. គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។ នេះជាការលើកឡើងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
ក្រៅពីការណែនាំនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរទាំង១៤ខណ្ឌផងដែរ ដោយមន្ត្រីទាំងអស់បានបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា