“ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ ហើយធ្វើឱ្យបុគ្គលម្នាក់ៗរីកចម្រើនខ្លាំង ព្រមទាំងជះឥទ្ធិពលយ៉ាងល្អដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឱ្យជឿនលឿនរីកចម្រើន និងផ្តល់នូវសុខុមាលភាពសង្គម”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់កម្រិតសិក្សាចំណេះទូទៅរយៈពេល១២ឆ្នាំ ជំនាន់ទី២២ ចំនួន៥៤រូប របស់សាលាអន្តរជាតិផារ៉ាហ្គន ដោយមាអញ្ជើញចូលរួមពីមាតាបិតា អាណាព្យាបាលសិស្សលោកនាយក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃសាលារៀនអន្តរជាតិផារ៉ាហ្គន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំដែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែងជាមួយមាតាបិតា អាណាព្យាបាលសិស្ស ក្នុងកម្មវិធីចែកសញ្ញាបត្របញ្ចប់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សជំនាន់ទី២២។
ឯកឧត្តមបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ដើម្បីទទួលបានចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូអស់រយៈពេល១២ឆ្នាំ គឺជាបទពិសោធន៍ និងជាចំណេះដឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្មួយៗឈានទៅចាប់ចំណេះ ជំនាញថ្មីៗនៅកម្រិតបន្ត បន្ទាប់ពីក្មួយៗចាកចេញពីជីវិតសិស្សចំណេះទូទៅ។៕
អត្ថបទ៖ អក្ខរា