ក្រុមការងារចម្រុះ ចុះណែនាំលើកចុងក្រោយដល់អាជីវករទូទាំងប្រទេសត្រូវបញ្ឈប់ការទិញ និងលក់បារី គ្មានបិទតែមប្រិ៍អាករត្រឹមត្រូវ

ក្រុមការងារចម្រុះរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដល់អាជីវករនៅតាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីមួយចំនួនក្នុងរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងការចុះបំពេញការងារនោះ ក្រុមការងារបានជម្រាបជូនដល់បណ្តាអាជីវករទាំងអស់ថា ការលក់បារី ឬផលិតផល ថ្នាំជក់ដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ គឺជាអំពើខុសច្បាប់ ដោយបារីទាំងនោះនឹងត្រូវរឹបអូស ហើយម្ចាស់បារីនឹង ទទួលរងនូវការផាកពិន័យជាប្រាក់ រួមនិងទោសទណ្ឌផ្សេងៗទៀតស្របតាមច្បាប់ជាធរមាន។ ក្នុងន័យនេះ ក្រុមការងារ បានណែនាំដល់អាជីវករទាំងនោះឱ្យបញ្ឈប់ការទិញ និងលក់បារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ដើម្បីចៀសវាង ការខាតបង់ផលប្រយោជន៍ ឬរងនូវទោសទណ្ឌផ្សេងៗ ព្រមទាំងបានស្នើសុំកិច្ចសហការពីអាជីវករទាំងនោះ ឱ្យផ្ដល់ព័ត៌មាន របស់អ្នកផ្គត់ផ្គង់បារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវដល់ក្រុមការងារ ដើម្បីមានវិធានការបន្ត ដោយបានសន្យា ផ្តល់រង្វាន់ និងរក្សាការសម្ងាត់ជូនផងដែរ។

ជាមួយគ្នានេះ ក្រុមការងារក៏បានបញ្ជាក់ជូនដល់អាជីវករទាំងនោះឱ្យបាន ជ្រាបផងដែរថា ការចុះផ្សព្វផ្សាយ និងអប់រំណែនាំលើកនេះ គឺជាវិធានការទន់ភ្លន់លើកចុងក្រោយ បន្ទាប់ពីក្រុមការងារ បានចុះផ្សព្វផ្សាយជាបន្តបន្ទាប់កាលពីឆ្នាំ២០១៩ និងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយកាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅ ហើយវិធានការបន្ទាប់ គឺជាការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដែលមានជាអាទិ៍ ការរឹបអូស បារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ការផាកពិន័យ និងការប្តឹងទៅតុលាការជាដើម ដែលវិធានការនេះនឹងចាប់ អនុវត្តនាពេលឆាប់ៗខាងមុខ ដោយមិនមានការពន្យារពេលទៀតឡើយ។

គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារបានចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយ និងបានណែនាំដល់អាជីវករ លក់បារីអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី នៅតាមផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារី បានចំនួន ៥៩៩ ទីតាំងនៅតាមបណ្តារាជធានី-ខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ដោយ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ៩៧ ទីតាំង ខេត្តកណ្តាល ៤៧ ទីតាំង ខេត្តកែប ៤០ ទីតាំង ខេត្តកំពត ៦៥ ទីតាំង ខេត្តកំពង់ឆ្នាំង ៥១ ទីតាំង ខេត្តកំពង់ធំ ៤៣ ទីតាំង ខេត្តកំពង់ចាម ៣៨ ទីតាំង ខេត្តព្រៃវែង ៦៧ ទីតាំង ខេត្តស្វាយរៀង ៨២ ទីតាំង និងខេត្តសៀមរាប ៦៩ ទីតាំង។ ដោយឡែក ទីតាំងនៅតាមបណ្តាខេត្តផ្សេងៗទៀត ក្រុមការងារនឹងបន្តចុះ ជាបន្តបន្ទាប់តាមផែនការសកម្មភាពការងារដែលបានដាក់ចេញ។

ជាថ្មីទៀត ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី អំពាវនាវ ដល់លោក-លោកស្រីជាម្ចាស់សហគ្រាសផលិត ឬនាំចូល អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីទាំងអស់ទូទាំង ព្រះរាជាណាចក្រកម្ពុជា ត្រូវបញ្ឈប់ទាំងស្រុងនូវការផលិត នាំចូល ចែកចាយ ឬលក់បារីដែលមិនមានបិទតែមប្រិ៍អាករ ប្រភេទថ្មី ឬបិទតែមប្រិ៍អាករក្លែងក្លាយ ឬតែមប្រិ៍អាករដែលប្រើប្រាស់រួច ដោយត្រូវចូលរួមអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍ អាករប្រភេទថ្មីសម្រាប់បារីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ បើពុំនោះទេនឹងត្រូវទទួលរងនូវទោសទណ្ឌផ្សេងៗ ស្របតាមច្បាប់ជាធរមាន៕

អត្ថបទ៖ អក្ខរា