ទិវាជាតិនៃការចង់ចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យពលរដ្ឋ​​ថែរ​​ក្សា​ការពារ​សន្តិភាព ដើម្បីកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកសារជាថ្មី

នៅថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗ​រូបចងចាំមិនអាច​បំភ្លេចបានក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបប​ដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់​ជីវិតនៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យពលរដ្ឋ​ចូលរួមថែរក្សាការពារសន្តិភាព​ឱ្យបាន​គង់វង្ស ទិវាជាតិនៃការចង់ចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យពលរដ្ឋ​​ថែរ​​ក្សា​ការពារ​សន្តិភាព ដើម្បីកុំឲ្យរ​បប​ខ្មែរក្រហមវិលត្រឡប់មកសារជាថ្មី ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងសង្គមជាតិ ឱ្យកាន់​តែរីក​ចម្រើនទៅមុខទៀត ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់​អំពីរឿងរ៉ាវ​សោកនាដ​កម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិច​បំផ្លា​ញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជា​ពល​រដ្ឋក​ម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មាន​លទ្ធិប្រ​ជាធិ​ប​តេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

គួររម្លឹកថា កាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃកំណើតសហករណ៍របស់ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តន៍រហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា ហើយគោលនយោបាយនេះ ធ្វើឱ្យប្រទេស​កម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោច ផ្សា និរាសព្រាត់ប្រាស និងធ្វើឲ្យកម្ពុជាលាក់ដល់ចំណុចសូន្យ។

កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកំណត់យកថ្ងៃទី ២០ ខែឧសភា ជាថ្ងៃបុណ្យជាតិជាផ្លូវការ ក្រោមឈ្មោះថា «ទិវាជាតិនៃ​ការចង​ចាំ» និងដាក់ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាសឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន។ ការកំណត់យកថ្ងៃទី ២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» នេះ «គឺជាការសម្រាប់​រំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ១៩៧៩»៕

អត្ថបទ៖ សីហា