សម្ដេច ស ខេង៖​ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន​ នៅតែប៉ុនប៉ង​បង្ក​ចលា​ចល​ក្នុងសង្គម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​​ខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង​ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​មន្រ្តីរាជ​ការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកសំពៅលូន ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យក្រុងបាត់ដំបង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុក​សំពៅលូន ដែលបានតស៊ូ លះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ និងបានបន្ថែមថា យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្ក​ឱ្យមាន​ភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ។

យ៉ាងណាក៏ដោយ សម្ដេចបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា​បាន​ដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការ កង​កម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកសំពៅ​លូន​ផងដែរ។ សម្ដេច ក៏បានជម្រាបជូនអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ ទិសដៅរយៈពេល៥ឆ្នាំទៅមុខ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានា​ជាច្រើន​ដែល​ត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែក​លើសមិទ្ធផល​សម្រេច​បានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ក្នុងស្រុកសំពៅលូន ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុក​ក្នុងរយៈ​ពេល៥ឆ្នាំខាងមុខទៀត៕