សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន៣០០០ដុល្លារ ដល់យុវតីស្ម័គ្រចិត្តស៊ីហ្គេមឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់ឡើងវិញ។
ក្នុងបណ្តាញសង្គមតេឡេក្រាមនារាត្រីថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ បានសរសេរថា៖ “ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា។ “
គួរបញ្ជាក់ថា យុវតីឈ្មោះ ផុន រ៉ាស៊ី ជាអ្នកស្ម័គ្រចិត្តក្នុងកីឡាស៊ីហ្គេមនៅទីលាន AZ Group Cricket Oval ( ផ្លូវ 60 ម៉ែត្រ ) បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ១គ្រឿង កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អំឡុងពេលកំពុងបំពេញការងារក្នុងក្រុមយុវជនស្ម័គ្រចិត្តដែលជាសរសៃឈាមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕
អត្ថបទ៖ សីហា