ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងការអបអរសាទរ និងថ្លែងការកោតសរសើរជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តទាំងអស់ ចំពោះស្នាដៃដ៏ធំធេងក្នុងការដឹកនាំ និងការចូលរួមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រហូតទទួលបាននូវជោគជ័យ ជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់គួរជាទីមោទនៈ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ភារកិច្ចជូនសម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំការងារឆ្លាក់រូបរៀបរាប់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងធ្វើពិព័រណ៍រូបថត និងផលិតវីដេអូឯកសារនៃកិច្ចដំណើរការរួមទាំងស្រុងនៃការប្រកួត និងការប្រកួតតាមវិញ្ញាសានីមួយៗ ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ត្រូវប្រកាន់ជំហរដោយមិនពាក់ព័ន្ធនឹងជម្លោះ ឬកាន់ជើងភាគីណាមួយឡើយ ហើយត្រូវជៀសវាងការធ្វើអត្ថាធិប្បាយលើជម្លោះរវាងក្រុម កីឡាករបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរស អាយុក្រោម ២២ឆ្នាំ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា