បណ្ណាល័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងត្រូវបើកទ្វារទទួលស្វាគមន៍ អ្នកសិក្សា ស្រាវជ្រាវ មកពីគ្រប់មជ្ឈដ្ឋាននាពេលឆាប់ៗនេះ។ នេះបើតាមការប្រកាសររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បង្កើតឡើងជាតម្រូវការសម្រាប់ការរៀបចំ ការអនុវត្តនូវកេរតំណែល និងការបន្សល់ទុករឿងក្តីរបស់សាលាក្តីខ្មែរក្រហម ។
ម.ត.ឯ.ច. មានគោលបំណងតម្កល់ និងបម្រើការស្រាវជ្រាវ នូវសំណុំរឿងដែលបានមកពីការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីឱ្យសាធារណៈជនអាចសិក្សាស្រាវជ្រាវ និងស្វែងយល់តាមរយៈឯកសារនានា ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការប្រើប្រាស់ដើម្បីផ្ទុកទាំងឯកសាររឹង ឯកសារទន់ រួមមានបណ្ណាល័យអេឡិចត្រូនិកដែលពាក់ព័ន្ធសវនាការខ្មែរក្រហម ការអនុវត្តពាក់ព័ន្ធនឹងសកម្មភាពជាកេរតំណែល និងការបន្សល់ទុករបស់ ECCC រួមបញ្ចូលគម្រោងសំណងក្រៅប្រព័ន្ធតុលាការ៕
អត្ថបទ៖ អក្ខរា