លោក Dominic Williams MBE ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភាថា លោកបានមកខេត្តព្រះវិហារ សម្រាប់ការចាប់ផ្តើមនៃគម្រោងថ្មីរបស់អង្គការ APOPO’s HeroRATs ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជនសម្រាប់សកម្មភាពដោះមីន។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថា “ចក្រភពអង់គ្លេសគាំទ្រផែនការរបស់រដ្ឋាភិបាលសម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ ហើយយើងកំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គម្រោងនេះ។ យើងសង្ឃឹមថា វានឹងជួយដល់ការអភិវឌ្ឍ និងជីវភាពកាន់តែប្រសើរសម្រាប់ប្រជាជនខេត្តព្រះវិហារ”។
បើតាមលោកទូត “គម្រោងប្រភេទថ្មីរបស់ Apopoនេះ ជាគម្រោងប្រភេទដំបូងបង្អស់។ បើទទួលបានជោគជ័យ ប្រទេសដទៃអាចធ្វើតាមគំរូរបស់កម្ពុជា”។ លើសពីនេះទៀត លោករំភើបចិត្តដែលបានឃើញសត្វកណ្ដុរ និងឆ្កែដ៏អស្ចារ្យដែលជួយ Apopo ជម្រះវាលមីន៕
អត្ថបទ៖ អក្ខរា